ពាក្យសម្តីមាស១០ឃ្លាពីក្នុងរឿងសាមកុកដើម្បីភាពជោគជ័យការរស់នៅប្រចាំថ្ងៃ
សាមកុក ជារឿងដែលប្រមូលផ្តុំនូវគំនិតល្អៗ និងបទពិសោធន៍ជីវិតជាច្រើនដល់មនុស្ស។ ទោះបីជាផ្ទៃរឿងទាំងមូលនិយាយពីសង្គ្រាមក៏ពិតមែន ប៉ុន្តែនៅតែអាចយកមកប្រើការកើតដដែល។ការស្វែងយល់ពីគំនិតល្អៗពីក្នុងរឿង គឺជារឿងធម្មតាទៅហើយក្នុងសម័យនេះ។ ដូច្នេះក្នុងអត្ថបទនេះ ខ្ញុំនឹងលើកយកពាក្យសម្តីពីក្នុងរឿងសាមកុកខ្លះៗមកបង្ហាញ និងពន្យល់ខ្លីៗដែលយើងអាចយកមកប្រើការបាន។
” សម្បកក្រៅឃើញដូចល្ងង់ តែធាតុពិតមហាប្រាជ្ញា ” ជូកឺលាង
យើងមិនអាចមើលមនុស្សលើសម្បកក្រៅបានទេ។ អ្នកខ្លះ ធ្វើឬកហំណាស់ តែគ្មានបានការអ្វីទេ ប៉ុន្តែមានអ្នកខ្លះទៀតធ្វើឬកគ្មានបានការ តែធាតុពិតលើសពីការនិយាយទៅទៀត។ ពាក្យនេះជូកឺលាងទូន្មានអ៊ួយយាន ដើម្បីកុំឱ្យគេមើលងាយមនុស្សដូចស៊ឺម៉ាអ៊ី។
” មានគុណធម៌ពេក ក្លាយជាល្ងង់ខ្លៅ ចិត្តល្អពេកក្លាយជាឡឺកឺ ” ស៊ីងអ៊ី
មានគុណធម៌ក្នុងខ្លួនជារឿងល្អ មានចិត្តល្អ ជារឿងត្រឹមត្រូវ តែបើថែមពាក្យពេកចូលមកវិញ រឿងទាំងពីរនេះនឹងនាំផលអាក្រក់ដល់ខ្លួនមិនខាន។ ជាពិសេស ក្នុងស្រុកយើងតែម្តង។ ស្រុកមិនអាក្រក់ខ្លាំងទេ ហើយក៏មិនល្អឥតខ្ចោះដែរ ដូច្នេះធ្វើអ្វីត្រូវមានព្រំដែនផង។ នៅក្នុងរឿងអ្នកមានគុណធម៌ពេក គឺលីវប៉ី ដោយសារតែគុណធម៌នេះ ត្រូវធ្វើឱ្យអ្នកដែលជ្រោមជ្រែង ប្រជារាស្រ្តលំបាកវេទនាជាមួយគ្នា។ គុណធម៌លីវប៉ី ធ្វើឱ្យរឿងរ៉ាវកាន់តែធ្ងន់ធ្ងរ។ គុណធម៌លីវប៉ីបានផ្លាស់ប្តូរក្រោយការស្លាប់របស់ផានថុង។ បន្ទាប់មក ខ្ញុំយល់ថា លីវប៉ីមានគុណធម៌ជាអ្នកដឹកនាំហើយ។
” ប្រញាប់តែងតាំងខ្លួនពេក អ៊ីចឹងគឺសុំទឹកភ្លៀងមុនពេលមេឃរាំងហើយ ” លីវប៉ី
ការប្រញាប់លើកខ្លួនឯងពេក គឺជាកំហុសមួយដែលភាគច្រើនធ្វើឱ្យបាត់បង់ឱកាសបន្តទៅមុខ។ សុំទឹកភ្លៀងមុនពេលមេឃរាំង បានន័យថា មិនចេះមើលកាលៈទេសៈត្រឹមត្រូវ ហើយធ្វើរឿងល្ងង់ដែលអ្នកដទៃមិនធ្វើ ព្រោះថាមេឃកំពុងភ្លៀងហើយ នៅសុំទឹកភ្លៀងអីទៀត។ ត្រង់នេះលីវប៉ី ពិភាក្សាជាមួយនឹងលីយាន មុននឹងសម្រេចចិត្តឡើងធ្វើជាស្តេច និងបង្កើតនគរស៊ូហាន។ គេមិនហាមឱ្យយើងមានមោទនភាពលើខ្លួនឯងទេ តែត្រូវមើលកាលៈទេសៈផង។
” ពេលជ្រកកោនកន្លែងគេ រឿងអ្វីក៏ដោយក៏ត្រូវអត់ធ្មត់ ” លីវប៉ី
ត្រូវចេះអត់ធ្មត់ ដរាបណាយើងនៅតែពឹងលើអ្នកដទៃ។ បើយើងមិនទាន់ដុះស្លាបហើរបានត្រឹមត្រូវទេ កុំអាលបញ្ចេញអ្វីឱ្យគេឃើញ។ ពាក្យនេះលីវប៉ី ប្រដៅប្អូនធម៌ទាំងពីរឱ្យចេះអត់ធ្មត់ពេលដែលពួកគេមិនទាន់មានទឹកដីផ្ទាល់ខ្លួន។ យើងក៏គួរតែរៀនតាមដែរកន្លែងនេះ។ មិនមែនតែរឿងជ្រកកោននោះទេ គឺគ្រប់រឿង ។ និយាយឱ្យអាក្រក់ស្តាប់គឺ បើខាំមិនឈ្នះ កុំខាំ ។
” អ្នកមានតែឈ្មោះតែគ្មានអំណាច ច្បាស់ជាវិនាស ” ធានហ្វុង
ឈ្មោះល្បី តែអំណាចមិនខ្ពស់ដូចឈ្មោះ ពេលជួបបញ្ហា ប្រាកដជាពិបាកឆ្លងផុតណាស់។ ពាក្យនេះប្រើត្រូវម៉ាច់ក្នុងស្រុកយើង។ ខ្វះអីអ្នកមានឈ្មោះល្បី គេស្គាល់ច្រើន គេគោរពនោះ តែសំខាន់តើពួកគាត់មានអំណាចឬអត់ ហើយបើមាន តើអំណាចនោះស្ថិតក្នុងប្រភេទណា។ ធានហ្វុង ទីប្រឹក្សាស្មោះត្រង់របស់យានសាវ ទូន្មានយានសាវបានល្អណាស់ តែគួរឱ្យស្តាយ យានសាវប្រើឱ្យគាត់សម្លាប់ខ្លួនលុបលាងទោស។ ចុងក្រោយវិនាសមែន។
” អ្នករុងរឿងនៅស្ងៀម អ្នកមានសមត្ថភាពនៅធម្មតា” លីវប៉ី
ពួកអ្នករហន់ ច្រើនតែទៅមុនគេ ចំណាំមើលទៅ។ ដូចជាការលេងហ្គេមចឹង ពេលវាយជាមួយបិសាច ពួកអាចេញមកដំបូងៗគ្មានបានការទេ មេខ្លាំងៗចេញចុងក្រោយទាំងអស់។ ដូច្នេះយើងត្រូវប្រយ័ត្នខ្លួនបន្តិច។ មានរឿងខ្លះ យើងត្រូវធ្វើឱ្យបានមុនគេ តែក៏មានរឿងខ្លះត្រូវនៅមើលសិនដែរ។ ពាក្យនេះលីវប៉ី សរសើរជូកឺលាងដែលនៅសម្ងំលើភ្នំ មិនចុះមកបញ្ចេញសមត្ថភាព។
” ដើម្បីគ្រប់គ្រងនគរ ត្រូវតែមានស្បែកមុខក្រាស់ ” លូស៊ូ
ការងារអ្វីក៏ដោយឱ្យតែមានទាក់ទងនឹងការដឹកនាំ ឬការគ្រប់គ្រង ត្រូវតែមានស្បែកមុខក្រាស់ មិនប្រកាន់នឹងពាក្យ និងទង្វើររបស់អ្នកដទៃ។ តួនាទីរបស់អ្នកដឹកនាំ គឺត្រូវធ្វើយ៉ាងណាឱ្យសម្រេចគោលដៅមួយដែលមានប្រយោជន៍រួម តែបើអ្នកដឹកនាំបែរមកចាប់អារម្មណ៍នឹងរឿងតូចតាចចេញពីមាត់អ្នកដទៃនោះ គោលដៅនោះបែបទៅមិនដល់ទេ។ លូស៊ូ ណែនាំស៊ុនឈានឱ្យចេះទ្រាំនឹងការប្រមាថរបស់អ្នកដទៃ ព្រោះនេះទើបជាសមត្ថភាពពិតរបស់អ្នកដឹកនាំ។ រៀនធ្វើស្បែកមុខក្រាស់ទៅ បើចង់ធ្វើជាអ្នកដឹកនាំ។
” អ្វីដែលគេចង់ឱ្យឯងមើលឃើញ គឺគេឱ្យឯងមើលឃើញ ” ចូវអ៊ី
មានពាក្យមួយឃ្លាគេនិយាយថា ” កុំជឿនូវអ្វីដែលយើងបានលឺ ហើយជឿតែពាក្យកណ្តាលបានហើយនូវអ្វីដែលយើងមើលឃើញ “។ ជួនកាលអ្វីដែលយើងឃើញអាចមិនមែនជាការពិតក៏ថាបាន។ សូមកុំគិតថា ទាល់តែតួកុន ទើបចេះសម្តែងឱ្យសោះ ព្រោះបើអ្នកគិតបែបនេះ ថ្ងៃណាមួយនឹងយំបោកខ្លួនហើយ។ ត្រង់នេះ ចូវអ៊ីបង្រៀនលីម៉ឺងឱ្យយល់ពីការប្រើល្បិចបំភាន់ភ្នែករបស់សត្រូវ។ តែយើងក៏ត្រូវរៀនពីចំណុចដូចគ្នាដែរ ចាំអីតែលីម៉ឹងបានរៀនបាននោះ។
” ឆ្កែទាល់ច្រក ប្រាកដជាផ្លោះជញ្ជាំង ” ឆិនកុងថាយ
ការរុញអ្នកណាម្នាក់ដល់ទាល់ច្រក មិនមែនជារឿងល្អនោះទេ។ នៅពេលទាល់ច្រក មនុស្សអាចនឹកឃើញវិធីយកឈ្នះក៏ថាបានដែរ។ នៅក្នុងការប្រកួតប្រជែងរបស់មនុស្សបច្ចុប្បន្ន គេមិនធ្វើឱ្យគូប្រជែងទាល់ច្រកនោះទេ គេនឹងទុកផ្លូវឱ្យដើររហូតចូលអន្ទាក់ដោយខ្លួនឯង ព្រោះការធ្វើបែបនេះ ធ្វើឱ្យគេអាចយកពាក្យថាគុណធម៌មួយទៀតផង។ ហើយជួនកាលគូប្រជែងនោះអាចនឹងដឹងគុណយើង ហើយមករួបរួមនឹងយើងផងក៏មាន។
” អ្នកពូកែច្បាំងសម្រុងទៅមុខរហូត អ្នកពូកែគិតខ្លាចមុខខ្លាចក្រោយ ” ឆិនអ៊ី
មានតែបានចាប់ផ្តើមធ្វើទេ ទើបមានឱកាសទទួលបានជោគជ័យ ។ ការគ្រាន់តែបានគិត មិនអាចបានផលទេ។ អ្នកខ្លះពូកែគិតខ្លះណាស់ មានគំនិតរាប់មិនអស់ តែមិនដែលបានយកគំនិតនោះមកធ្វើម្តងឡើយ។ ខ្ញុំក៏នៅក្នុងចំណោមនោះដែរ ហេតុនេះហើយខ្ញុំដឹងច្បាស់រឿងនេះ។ ខ្ញុំអត់មានបានរីកចម្រើនទៅមុខទេ ព្រោះអីគិតតែខ្លាចនេះ ខ្លាចនោះរហូត។ ឆិនអ៊ី ដែលជាទីប្រឹក្សាឆាវឆាវ បានឱ្យយោបល់កុំឱ្យគាត់ព្រួយបារម្ភ នៅពេលលើកទ័ពចេញអស់ពីនគរ។
ការរស់នៅរបស់យើង ថ្វីបើមើលទៅឃើញថាងាយស្រួល តែយើងនៅតែមិនអាចបោះបង់ការរៀនសូត្របន្ថែមបានដដែល។ កុំភ្លេចខ្លួន ហើយគិតថាយើងចេះគ្រប់មុខឱ្យសោះ។ ចូររៀនបន្ថែមគ្រប់ពេលដើម្បីរស់នៅ។ បើអ្នកទាំងអស់គ្នាចូលចិត្តការសរសេររបៀបនេះ សូមបញ្ចេញយោបល់ផង ខ្ញុំសរសេរតេសទេ។
No comments
Post a Comment